Philemon

1ខ្ញុំប៉ូល​ជា​អ្នកទោស​ដោយព្រោះ​ព្រះ​គ្រិស្ដយេស៊ូនិងធីម៉ូថេជាបងប្អូន​ជូន​ចំពោះ​លោក​ភីលេម៉ូនជាទីស្រលាញ់និង​ជា​អ្នករួមការងារជាមួយយើង 2ហើយជូន​ចំពោះ​នាង​អាប់ភា​ជា​បងប្អូន​របស់​យើង​និង​លោក​អើឃីព​ជា​អ្នករួម​ប្រយុទ្ធ​ជាមួយយើងព្រមទាំងក្រុមជំនុំ​ដែល​ជួបជុំ​គ្នា​នៅក្នុងផ្ទះ​របស់​លោកភីលេម៉ូន​ផង។ 3សូមឲ្យ​ព្រះជាម្ចាស់​ជា​ព្រះ​វរ​បិតា​របស់​យើងនិងព្រះអម្ចាស់យេស៊ូគ្រិស្ដ​ប្រទាន​ព្រះ​គុណនិង​សេចក្ដី​សុខសាន្ត​ដល់​អ្នករាល់គ្នា 4ខ្ញុំតែងតែអរព្រះគុណព្រះជាម្ចាស់​របស់​ខ្ញុំជានិច្ច​ទាំង​នឹកចាំ​ពី​អ្នកនៅក្នុង​សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ 5ដ្បិតខ្ញុំ​បាន​​អំពី​សេចក្ដីស្រលាញ់និងជំនឿ​របស់​អ្នកដែល​មាន​ចំពោះព្រះអម្ចាស់យេស៊ូនិងចំពោះពួកបរិសុទ្ធ​ទាំង​អស់ 6ដូច្នេះសូម​ឲ្យ​ការរួមចំណែកខាងឯជំនឿ​របស់​អ្នកមានប្រសិទ្ធភាព​ឡើង​ដើម្បី​ឲ្យ​បាន​យល់ដឹងអំពី​ការ​ល្អទាំងអស់ដែល​មាន​នៅក្នុងយើងសម្រាប់​ព្រះ​គ្រិស្ដ។ 7ប្អូនអើយ! ​ខ្ញុំ​មានអំណរនិង​បាន​ទទួល​ការលើកទឹកចិត្តយ៉ាងខ្លាំងដោយសារ​សេចក្ដី​ស្រលាញ់​របស់​អ្នកពីព្រោះពួកបរិសុទ្ធ​បាន​ធូរស្បើយក្នុងចិត្តដោយសារអ្នក 8ដូច្នេះទោះបី​ខ្ញុំ​ជឿជាក់យ៉ាងខ្លាំងនៅក្នុង​ព្រះ​គ្រិស្ដ​ថា​អាច​បង្គាប់អ្នក​ឲ្យ​ធ្វើ​អ្វីដែលត្រូវធ្វើ​ក៏​ដោយ 9ក៏ខ្ញុំ​សូម​អង្វរ​អ្នក​ដោយ​សេចក្ដី​ស្រលាញ់ដែរដ្បិតប៉ូល​ខ្ញុំ​ជាមនុស្សចាស់ហើយឥឡូវនេះក៏​ជា​អ្នកទោស​ដោយព្រោះ​ព្រះ​គ្រិស្ដយេស៊ូទៀត 10ខ្ញុំសូម​អង្វរអ្នកអំពីកូន​របស់​ខ្ញុំ​ឈ្មោះ​អូនេស៊ីមដែល​ខ្ញុំ​បាន​បង្កើតនៅពេល​ខ្ញុំ​ជាប់​ចំណង 11កាលពី​ដើមអូនេស៊ីមគ្មាន​ប្រយោជន៍​សម្រាប់​អ្នកទេប៉ុន្ដែឥឡូវនេះ​គាត់​មាន​ប្រយោជន៍ទាំង​សម្រាប់​អ្នកនិងខ្ញុំ 12ខ្ញុំបាន​ចាត់​គាត់​ដែល​ជាដួងចិត្ដរបស់ខ្ញុំ​ឲ្យ​ត្រលប់​មក​ឯ​អ្នកវិញ 13ខ្ញុំចង់ទុកគាត់​ឲ្យ​នៅជាមួយខ្ញុំណាស់ដើម្បី​ឲ្យ​គាត់​បម្រើខ្ញុំជំនួសអ្នក​ក្នុង​ពេល​ដែល​ខ្ញុំ​ជាប់​ចំណង​ដោយព្រោះ​ដំណឹងល្អ 14ប៉ុន្ដែខ្ញុំ​មិនចង់ធ្វើ​អ្វី​ដោយគ្មាន​ការ​យល់ព្រម​ពី​អ្នកទេដើម្បីកុំ​ឲ្យ​អ្នក​ធ្វើ​អំពើ​ល្អដោយបង្ខំចិត្ដឡើយ​គឺ​ដោយ​ស្ម័គ្រ​ចិត្ដ​វិញ។ 15ប្រហែលជាដោយសារតែ​មូលហេតុ​នេះ​ហើយ​បាន​ជា​គាត់​ត្រូវ​បែក​ពី​អ្នក​មួយរយៈ​គឺ​ដើម្បី​ឲ្យ​អ្នក​ទទួលគាត់​វិញ​អស់កល្បជានិច្ច 16ហើយមិនមែន​ក្នុង​នាម​ជាបាវបម្រើទៀតទេប៉ុន្ដែប្រសើរ​ជាង​បាវបម្រើទៅទៀត​គឺ​ជា​បងប្អូន​ជាទី​ស្រលាញ់​ជា​ពិសេស​សម្រាប់​ខ្ញុំរីឯ​សម្រាប់​អ្នកវិញ​គាត់​កាន់តែពិសេសជាង​អ្នក​ជា​ទី​ស្រលាញ់​ទៅទៀតទាំងខាងសាច់ឈាមនិងក្នុងព្រះអម្ចាស់ 17ដូច្នេះបើ​អ្នក​ចាត់ទុកខ្ញុំ​ជា​គូកន​មែន​សូម​អ្នក​ទទួលគាត់​ទុក​ដូចជាទទួលខ្ញុំចុះ 18បើគាត់​ធ្វើអ្វីខុស​ចំពោះ​អ្នកជំពាក់អ្នក​សូម​គិត​លើ​ខ្ញុំចុះ 19ប៉ូលខ្ញុំសរសេរដោយ​ផ្ទាល់​ដៃ​ថា​ខ្ញុំ​នឹង​សង​អ្នក​វិញ​ប៉ុន្ដែ​ខ្ញុំ​មិនរំឭកអ្នកទេថាសូម្បីតែខ្លួន​អ្នក​ផ្ទាល់​ក៏​ជំពាក់ខ្ញុំដែរ 20មែនហើយប្អូនអើយ! ​សូម​ឲ្យ​ខ្ញុំ​មាន​អំណរនៅក្នុងព្រះអម្ចាស់​ដោយសារ​អ្នក​ផង​សូម​ឲ្យ​ចិត្ត​របស់​ខ្ញុំ​បាន​ធូរស្បើយនៅក្នុង​ព្រះ​គ្រិស្ដ​ផង។ 21ខ្ញុំបាន​សរសេរ​មក​អ្នក​ដោយ​ជឿជាក់ថាអ្នក​នឹង​ស្ដាប់​ខ្ញុំ​ហើយ​ខ្ញុំ​ដឹងថា​អ្នក​នឹង​ធ្វើលើស​ពី​អ្វី​ដែល​ខ្ញុំ​បាន​និយាយទៅទៀត 22ម្យ៉ាងទៀត​សូម​អ្នក​រៀបចំកន្លែង​មួយ​សម្រាប់​ឲ្យ​ខ្ញុំស្នាក់នៅផងព្រោះ​ខ្ញុំ​សង្ឃឹមថាតាមរយៈ​សេចក្ដី​អធិស្ឋាន​របស់​អ្នក​ព្រះជាម្ចាស់​នឹង​ប្រទាន​ឲ្យ​ខ្ញុំ​បាន​មក​ជួប​អ្នក​មិនខាន។ 23លោកអេប៉ាប្រាស​ជា​អ្នក​ជាប់​ឃុំ​ឃាំង​ជាមួយខ្ញុំដោយព្រោះ​ព្រះ​គ្រិស្ដយេស៊ូ​ក៏​ជម្រាប​សួរ​មក​អ្នកដែរ 24ហើយម៉ាកុស​លោក​អើរីស្ដាក​លោក​ដេម៉ាស​និង​លោក​លូកា​ដែល​ជា​អ្នករួមការងារជាមួយខ្ញុំ​ក៏​ជម្រាប​សួរ​មក​អ្នក​ដែរ។ 25សូមឲ្យ​ព្រះ​គុណ​របស់​ព្រះអម្ចាស់យេស៊ូគ្រិស្ដ​ស្ថិតនៅ​ជាមួយវិញ្ញាណ​របស់​អ្នក
Copyright information for KhmKCB